ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ (ទី៧ ខែមេសា) នេះ បានរិះគន់យ៉ាងធ្ងន់ៗ ចំពោះសេចក្ដីហាមបម្រាមកុំឲ្យធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើប្រទេសជាច្រើន ដែលរួមមានទាំងសាធារណៈរដ្ឋឥស្លាមផងដែរ ដោយលើកឡើងថា វាបង្ហាញពីការមាន «អរិភាពយ៉ាងខ្លាំង» ចំពោះប្រជាជនអ៊ីរ៉ង់ និងជនមូស្លីម។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួង នៅលើបណ្ដាញសង្គម X មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប បានឲ្យដឹងថា៖ «ការសម្រេចហាមឃាត់មិនឲ្យចូលប្រទេស ចំពោះពលរដ្ឋអ៊ីរ៉ង់ ពោលគឺគ្រាន់តែដោយសារសាសនា និងសញ្ជាតិរបស់ពួកគេនោះ មិនត្រឹមតែបង្ហាញពីការមានអរិភាពយ៉ាងខ្លាំងរបស់អ្នកសម្រេចជនជាតិអាមេរិក ចំពោះប្រជាជនអ៊ីរ៉ង់ និងជនមូស្លីមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង»។

សូមបញ្ជាក់ថា ការប្រកាសរបស់លោក Trump កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) នឹងរារាំងពលរដ្ឋមកពីប្រទេសចំនួន ១២ មិនឲ្យចូលទៅទឹកដីសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ វេលាម៉ោង ១២:០១ព្រឹក (ត្រូវនឹងម៉ោង ៤:០១ ម៉ោងសកល)។ ប្រទេសទាំងនោះ មានអាហ្វហ្គានីស្ថាន សហភាពមីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
សេចក្ដីហាមប្រាមដែលលោក Trump បាននិយាយថា ចាំបាច់ដើម្បីការពារប្រឆាំងនឹង «ភេរវករបរទេស» បានរម្លឹកដល់វិធានការស្រដៀងគ្នាដែលលោកបានអនុវត្ត ក្នុងអំឡុងពេលកាន់តំណែងអាណត្តិដំបូងរបស់លោក ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយនៅពេលនោះ លោកបានរារាំងអ្នកដំណើរពីប្រទេសចំនួន ៧ ដែលភាគច្រើនកាន់សាសនាឥស្លាម៕