ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ (ទី៦ ខែមិថុនា) បាននិយាយថា ប្រធានាធិបតីចិន Xi Jinping បានយល់ព្រមអនុញ្ញាតឲ្យមានលំហូររ៉ែកម្រ និងមេដែកទៅកាន់សហរដ្ឋអាមេរិក ជាចំណាត់ការមួយដែលអាចសម្រាលភាពតានតឹង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក។

នៅពេលត្រូវបានសួរពីអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា តើលោក Xi បានយល់ព្រមធ្វើដូច្នេះដែរ ឬទេ លោក Trump បានឆ្លើយតបថា «មែនហើយ លោកបានសម្រេចបែបនេះ»។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីមានការជួបគ្នាតាមទូរសព្ទដ៏កម្រមួយជាមួយលោក Xi ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយភាពតានតឹងពាណិជ្ជកម្មដែលបានកំពុងឡើងកម្ដៅជាលំដាប់ជាច្រើនសប្តាហ៍។

នាពេលនោះ លោក Trump បាននិយាយថា មាននូវ «លទ្ធផលវិជ្ជមានខ្ពស់» សម្រាប់កិច្ចពិភាក្សានេះ ដោយលោកបានបន្ថែមថា «មិនគួរមានមន្ទិលសង្ស័យណាមួយពាក់ព័ន្ធនឹងភាពស្មុគស្មាញនៃផលិតផល រ៉ែកម្រទៀតទេ»។
ហើយបើយោងតាមប្រភពចំនួន ២ ដែលដឹងពីបញ្ហានេះ បាននិយាយថា ជាសញ្ញាមួយផ្សេងទៀតនៃការបន្ធូរបន្ថយភាពតានតឹងលើបញ្ហានេះ ប្រទេសចិនបានផ្តល់អាជ្ញាប័ណ្ណនាំចេញបណ្តោះអាសន្នឲ្យអ្នកផ្គត់ផ្គង់រ៉ែកម្រ សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗទាំង៣ របស់សហរដ្ឋអាមេរិក៕