យោធារបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ (ទី៦ ខែមិថុនា) បានប្រកាសអំពីការស្លាប់នៃទាហាន ៤នាក់ នៅតំបន់ហ្កាហ្សា ខណៈបញ្ជាក់ថា ខ្លួនត្រូវការទាហានរាប់ពាន់នាក់បន្ថែមទៀត ដើម្បីជំរុញដល់យុទ្ធនាករវាយលុករបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីប្រឈមនឹងការដួលរលំ ដោយសារវិធានការកេណ្ឌទ័ពដែលមានរួមទាំងអ្នកកាន់សាសនានិកាយអូស្សូដក់តឹងរ៉ឹងផងដែរ។

ព័ត៌មាននៃការស្លាប់របស់ទាហាននេះ បានកើតឡើងនៅពេលដែលទីភ្នាក់ងារការពារស៊ីវិលរបស់តំបន់ហ្កាហ្សា បានរាយការណ៍ថា មនុស្ស ៣៨នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងដែនដីនេះ ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន បានប្រារព្ធពិធីបុណ្យ Eid al-Adha ក្រោមស្រមោលនៃសង្រ្គាមរយៈពេល ២ឆ្នាំជាប់ៗគ្នា។
អ្នកនាំពាក្យយោធា លោក Effie Defrin បានប្រាប់ឲ្យដឹងថា ទាហានទាំង ៤នាក់ ត្រូវបានសម្លាប់ ខណៈដែលពួកគេ «កំពុងប្រតិបត្តិការ នៅតំបន់ Khan Yunis ក្នុងបរិវេណមួយនៃអង្គការភេរវករហាម៉ាស»។ លោកបានបញ្ជាក់ថា «ប្រហែលម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក) គ្រឿងផ្ទុះមួយត្រូវបានបំផ្ទុះឡើង ដែលបណ្តាលឲ្យផ្នែកខ្លះនៃសំណង់អគារដួលរលំ» ដោយបន្ថែមថា ទាហាន ៥នាក់ផ្សេងទៀតបានរងរបួស ដែលម្នាក់ក្នុងចំណោមពួកគេមានសភាពធ្ងន់ធ្ងរ។
ការស្លាប់នេះនាំឲ្យចំនួនទាហានអ៊ីស្រាអែលបាត់បង់ជីវិត នៅតំបន់ហ្កាហ្សា កើនដល់ ៤២៩នាក់ គិតចាប់តាំងពីការចាប់ផ្តើមនូវការវាយលុក កាលពីចុងខែតុលា ឆ្នាំ២០២៣។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ទាហាន ដោយនិយាយថា «ពួកគេបានពលីជីវិត ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា»។
ថ្មីៗនេះ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការ នៅតំបន់ហ្កាហ្សា ជាអ្វីដែលខ្លួននិយាយថា ជាការជំរុញថ្មី ដើម្បីកម្ចាត់ក្រុមហាម៉ាស ដែលការវាយប្រហាររបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបង្កឲ្យមានសង្គ្រាមរហូតដល់សព្វថ្ងៃ៕


