ស្វាយរៀង៖ ប្រជាកសិករក្នុងខេត្តស្វាយរៀង បានចាប់ផ្ដើមប្រមូលផលដំណាំអំពៅស្ករជាបណ្ដើរៗហើយ ដែលទិន្នផលអំពៅច្រើនជាងឆ្នាំមុន និងតម្លៃលើទីផ្សារក៏ល្អជាងឆ្នាំមុនបន្តិចដែរ។
អំពៅស្ករប្រមាណជាង ៦ពាន់ហិកតា របស់ប្រជាកសិករក្នុងក្នុងស្រុករមាសហែក រំដួល ស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចំនួនប្រមាណ ៦ពាន់ហិកតា បានហុចផលហើយ ក្រោយការដាំដុះកាលពីដើមរដូវវស្សាកន្លងមក។
កសិករចាប់ផ្ដើមប្រមូលផលដោយក្ដីរីករាយជាមួយកំណើនទិន្នផលអំពៅជាងឆ្នាំមុន និងតម្លៃល្អជាងឆ្នាំមុនផងដែរ។
អ្នកដាំអំពៅស្ករ បានBTVកាលពីម្សិលមិញថា ក្នុងឆ្នាំនេះ អំពៅស្ករ បានហុចផលក្នុងមួយហិកតា ពី៤៥ ទៅ៥០តោន ជាផលល្អដោយសារមិនមានការបំផ្លាញដោយទឹកជំនន់ដូចកាលពីឆ្នាំមុន។ អំពៅស្ករ ដែលត្រូវបានដឹកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម អាចលក់បានតម្លៃចន្លោះពី២៩ ទៅ៣៥ដុល្លារ ក្នុងមួយតោន (ជាអំពៅដែលមានកម្រិតជាតិស្ករ 10CCS និង៨CCS) ដែលបើប្រៀបធៀបទៅនឹងឆ្នាំមុនតម្លៃនេះកើនឡើងបន្តិច។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀង នៅឆ្នាំ២០២១នេះ ដំណាំកសិឧស្សាហកម្ម រួមមាន អំពៅស្ករ ដំឡូងមី ពោត ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំ ប្រមាណជិត ១ម៉ឺនហិកតា ត្រូវបានដាំដុះ។
បច្ចុប្បន្ន ក្រុមកសិករបាននឹងកំពុងធ្វើការប្រមូលផលជាបណ្ដើរៗហើយ បន្ទាប់ពីបញ្ចប់ការងារប្រមូលផលស្រូវវស្សាបានជាង ៥សែនតោន៕ អត្ថបទ៖ ភា សារិត