ក្រុមមន្ត្រី នៅថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះអគារលំនៅឋានចូលនិវត្តន៍មួយកន្លែង នៅភាគឦសាននៃប្រទេសអេស្ប៉ាញ ដោយបានបណ្ដាលឲ្យបុរសវ័យ ៩៣ឆ្នាំម្នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស។

សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា អគ្គិភ័យនេះបានចាប់ផ្ដើមពីបន្ទប់ជាន់ផ្ទាល់ដីនៅវេលាម៉ោង ១១យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ (ទី៦ ខែមិថុនា) ក្នុងអគារលំនៅឋាន នៅភាគឦសាននៃទីក្រុង Zaragoza។ បុរសរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ហើយអាជ្ញាធរបានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មនុស្ស ១៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលអាការស្រូបផ្សែងចូល។

គួរបញ្ជាក់ថា អគារលំនៅឋាននេះ មានអ្នកស្នាក់នៅចំនួន ១៣២នាក់។ បើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកស្រុក បានជួយជម្លៀសអ្នករស់នៅក្នុងនោះ ដែលខ្លះត្រូវជួយសង្គ្រោះដោយការវាយកបំបែកបង្អួច។
នគរបាលបានបើកការស៊ើបអង្កេតរកមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះធុងអុកស៊ីហ៊្សែន អាចជាដើមហេតុបង្កឲ្យមានអគ្គិភ័យនេះ៕