អឺរ៉ុបមានសមត្ថភាពជួយដល់ការតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បើទោះបីជាសហរដ្ឋអាមេរិក ចង់សម្រេចបញ្ឈប់ទាំងស្រុងនូវការគាំទ្រផ្នែកយោធារបស់ខ្លួន ចំពោះទីក្រុងគីវក៏ដោយ។ នេះបើតាមមន្ត្រីយោធាជាន់ខ្ពស់ទទួលបន្ទុកសម្របសម្រួលការផ្គត់ផ្គង់អាវុធរបស់អាល្លឺម៉ង់ ដែលបាននិយាយប្រាប់សារព័ត៌មាន Reuters។

លោកឧត្តមសេនីយ៍ទោ Christian Freuding បាននិយាយថា សមាជិកអឺរ៉ុបរបស់អង្គការណាតូ (NATO) បូករួមទាំងកាណាដាផង មានកម្រិតប្រមាណជា ២០ពាន់លានដុល្លារលើសជំនួយយោធាអាមេរិកដែលបានផ្តល់ឲ្យទីក្រុងគីវ កាលពីឆ្នាំមុន។ លោកបានបញ្ជាក់ថា ការផ្ដល់មានចំនួនប្រហែល ៦០ភាគរយនៃការចំណាយសរុបដែលត្រូវបានទទួលខុសត្រូវដោយសម្ព័ន្ធមិត្តលោកខាងលិច។

លោក Freuding បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ការធ្វើសង្រ្គាមលើអ៊ុយក្រែន កំពុងបន្តឆាបឆេះ នៅលើទ្វីបរបស់យើង ពោលគឺវាក៏កំពុងប្រព្រឹត្តទៅប្រឆាំងនឹងសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុបផងដែរ។ ប្រសិនបើមានឆន្ទៈនយោបាយនឹងមាន នោះមធ្យោបាយក៍មានដូចគ្នា ដើម្បីយកទៅទូទាត់ការបាត់បង់យ៉ាងខ្លាំងនូវការគាំទ្ររបស់អាមេរិក»។
គួរបញ្ជាក់ថា អ៊ុយក្រែនបន្តទទួលបានការផ្ដល់អាវុធដែលត្រូវបានអនុម័តដោយអតីតប្រធានាធិបតីអាមេរិក លោក Joe Biden។ តែជាយ៉ាងណានេះក្ដី គេមិនទាន់ច្បាស់ទេថា តើអ្នកស្នងតំណែងរបស់លោក គឺលោក Donald Trump នឹងចុះហត្ថលេខាលើការផ្គត់ផ្គង់ថ្មី ឬអនុញ្ញាតឲ្យប្រទេសទី៣ ទិញអាវុធអាមេរិក សម្រាប់ទីក្រុងគីវដែរ ឬយ៉ាងណា៕