ក្រុមអ្នករៀបចំ នៅថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) នេះ បានឲ្យដឹងថា នាវាជំនួយដែលមានសកម្មជន ១២នាក់នៅលើនោះ ក្នុងនោះរួមមានទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុជនជាតិស៊ុយអែត នាង Greta Thunberg ផងដែរ បានទៅដល់ឆ្នេរអេហ្ស៊ីប និងកំពុងទៅកាន់កៀកនឹងដែនដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។

នាវា Madleen ដែលជាផ្នែកមួយនៃក្រុម Freedom Flotilla Coalition បានចាកចេញពីកោះ Sicily របស់ប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុន ដោយបានដឹកជញ្ជូនជំនួយមនុស្សធម៌ «ទៅកាន់តំបន់ហ្កាហ្សា ដែលជាកិច្ចប្រឹងប្រែងបញ្ចប់ការរាំងខ្ទប់របស់អ៊ីស្រាអែល»។
សកម្មជនសិទ្ធិមនុស្សអាល្លឺម៉ង់ លោកស្រី Yasemin Acar បានប្រាប់សារព័ត៌មាន AFP ថា៖ «ឥឡូវនេះយើងកំពុងជិះនាវាចេញពីឆ្នេរអេហ្ស៊ីបហើយ»។ លោកស្រីបានបន្ថែមថា៖ «យើងទាំងអស់គ្នាមានស្ថានភាពល្អប្រសើរធម្មតាទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស នាថ្ងៃសៅរ៍នេះ គណៈកម្មាធិការអន្តរជាតិទទួលបន្ទុកការងារបញ្ចប់ការរាំងខ្ទប់ នៅតំបន់ហ្កាហ្សា ដែលជាអង្គការសមាជិកនៃសមាគម Freedom Flotilla Coalition បានឲ្យដឹងថា នាវានេះបានចូលទៅដល់ដែនទឹកអេហ្ស៊ីបហើយ។
ក្រុមនេះបានបញ្ជាក់ថា ខ្លួននៅតែទាក់ទងជាមួយស្ថាប័នច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាសុវត្ថិភាពដល់អ្នកនៅលើនាវានោះ ដោយព្រមានថា ការស្ទាក់ចាប់ណាមួយ នឹងក្លាយទៅជា «ការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។
ដែនដីប៉ាឡេស្ទីនស្ថិតក្រោមការរាំងខ្ទប់របស់កងទ័ពជើងទឹកអ៊ីស្រាអែល សូម្បីតែមុនពេលមានការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស ជាហេតុការណ៍ដែលបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា រហូតដល់ពេលនេះ ហើយអ៊ីស្រាអែលបានអនុវត្តការបិទខ្ទប់របស់ខ្លួនដោយសកម្មភាពយោធានាពេលកន្លងមក៕

