យោធាអ៊ុយក្រែនបានប្រាប់ឲ្យដឹងថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-35 នៅព្រឹកថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) នេះ។

យោធាបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ព្រឹកនេះ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ជាលទ្ធផលដ៏ជោគជ័យនៃប្រតិបត្តិការទ័ពអាកាស នៅទិសដៅតំបន់ Kursk យន្តហោះចម្បាំងរុស្ស៊ី Su-35 ត្រូវបានបាញ់ទម្លាក់»។
យ៉ាងណាក្ដី យោធាមិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទេ។ ហើយកងកម្លាំងរុស្ស៊ីក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីដែរ ជុំវិញបញ្ហានេះ ខណៈសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានដោយឯករាជ្យនោះឡើយ។

គួរដឹងបន្ថែមថា ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន ឬ SBU បានធ្វើការវាយប្រហារដោយយានដ្រូនដ៏ធំមួយលើយន្តហោះយោធារុស្ស៊ីជាង ៤០គ្រឿង កាលពីសប្តាហ៍មុន ដោយបានធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-22 រាប់សិបគ្រឿង ដែលរុស្ស៊ីប្រើដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ នៅអ៊ុយក្រែន៕