ភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិរាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួមជាមួយនឹងប្រតិភូក្រសួង ព័ត៌មាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីតាមដាន និងពង្រឹងការ អនុវត្តការងារ របស់ថ្នាក់ក្រោមជាតិលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមផែនការអភិវឌ្ឍន៍ជាតិ។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើនូវមតិសួរសុខ ទុក្ខរបស់ ឯកឧត្ដមរដ្ឋមន្ត្រី ដល់មន្ត្រីរាជការ និងបុគ្គលនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ហើយក៏បានផ្តល់អនុសាសន៍ណែនាំក្នុងការបន្តពង្រឹង និងសហការដើម្បីអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពដែលជាសេនាធិការរបស់ក្រសួង។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានក្រើនរំលឹក ការថែរក្សាសុខភាព និងការអនុវត្តវិធានការបីកុំបីការពារ ដើម្បីធានាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ស្របតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ។
ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹង និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ នាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តការ អនុវត្តការងារនេះបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានប្រគល់ថវិកាចំនួន ២លានរៀល របស់ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឧបត្ថមជូនដល់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុផងដែរ។
នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យ ទីតាំងអតីស្ថានីយវិទ្យុ ក្រុងព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ៣ ដែលគ្រប់គ្រងដោយមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ ។ ឯកឧត្ដម បានជំរុញអោយមន្ទីរព័ត៌មានខេត្ត ខិតខំអនុវត្តន៍ឲ្យបានឆាប់រហ័សក្នុងការស្នើសុំធ្វើប័ណ្ណកាន់កាប់ដោយស្របច្បាប់៕ អត្ថបទ៖ ម៉ក់ រ៉េនីតា