ធនាគារកណ្តាលរបស់ប្រទេសអាល្លឺម៉ង់ និងហូឡង់ រួមទាំង ISTAT ដែលជាវិទ្យាស្ថានស្ថិតិជាតិរបស់ប្រទេសអ៊ីតាលី បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃសុក្រ ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ច។

ធនាគារកណ្តាលអាល្លឺម៉ង់បានកែប្រែការព្យាករណ៍របស់ខ្លួនសម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយព្យាករថាសេដ្ឋកិច្ចអាល្លឺម៉ង់ នឹងនៅទ្រឹងនៅឆ្នាំ២០២៥នេះ ដោយមិនអាចស្របតាមការរំពឹងទុកកាលពីកន្លងទៅនៃកំណើនមធ្យម។
ស្ថាប័ន ISTAT របស់អ៊ីតាលី បានបន្ទាបការព្យាករណ៍កំណើនរបស់ប្រទេសសម្រាប់ឆ្នាំ ២០២៥នេះ ពី០,៨ ភាគរយដែលបានប៉ាន់ស្មានកាលពីកន្លងមកត្រឹម០,៦ភាគរយ។
ធនាគារកណ្តាលរបស់ប្រទេសហូឡង់ វិញ បានកែសម្រួលការព្យាករណ៍កំណើនរបស់ប្រទេសហូឡង់សម្រាប់ឆ្នាំ ២០២៥នេះ ដោយទម្លាក់ពី ចំនួន ១,៥ភាគរយមកត្រឹម១,១ភាគរយ៕
