ក្រុមអាជ្ញាធររុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃអាទិត្យសប្ដាហ៍នេះ ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដាក់គោលដៅលើទីក្រុងមូស្គូ បានបង្ខំឱ្យបិទអាកាសយានដ្ឋានសំខាន់ៗចំនួនពីរដែលបម្រើដល់រដ្ឋធានីនេះ។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថាអង្គភាពការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន ៩ គ្រឿងដែលហោះសំដៅទៅកាន់ទីក្រុងមូស្គូនៅម៉ោង ៤ ម៉ោងសកល ។

ក្រុមអភិបាលតំបន់នានាបាននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនក៏បានបង្កឱ្យមានការឆាបឆេះរយៈពេលខ្លីនៅឯរោងចក្រគីមី Azot ក្នុងតំបន់ Tula ធ្វើឱ្យមនុស្សពីរនាក់រងរបួសផងដែរ ជាមួយគ្នានោះយានដ្រូន៧គ្រឿងត្រូវបានបំផ្លាញលើតំបន់ Kaluga ។ តំបន់ទាំងពីរមានព្រំប្រទល់ជាប់តំបន់មូស្គូនៅភាគខាងត្បូងនៃរដ្ឋធានី។
សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនដែរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី Rosaviatsia បាននិយាយនៅលើ Telegram ថា ដើម្បីធានាសុវត្ថិភាពផ្លូវអាកាស ខ្លួនត្រូវបានបញ្ឈប់ការហោះហើរនៅអាកាសយានដ្ឋាន Vnukovo និង Domodedovo ។
រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈកំពុងព្យាយាមកវិលត្រឡប់ទៅកាន់កិច្ចចរចាសន្តិភាពជាលើកដំបូងចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមវាយលុកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២កន្លងទៅ៕

