ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវនានាក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ៧ មិថុនា សម្រាប់ការតវ៉ាប្រចាំសប្តាហ៍ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសជាបន្ទាន់ និងប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការអូសបន្លាយមិនចាំបាច់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីតាំងជាច្រើន ដោយលើកបដាប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោកចំពោះអនាគតចំណាប់ខ្មាំង។
ពួកគេក៏បានលើករូបថតចំណាប់ខ្មាំងចំនួន ៥៥នាក់ ផងដែរ ដែលត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយនៅតែត្រូវបានឃុំខ្លួននៅហ្កាហ្សានៅឡើយរហូតមកដល់ពេលនេះ ។
កាលពីព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែលបានប្រកាសថា កងទ័ពរបស់ខ្លួនបានប្រទះឃើញសាកសពចំណាប់ខ្មាំងជនជាតិថៃម្នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣មក៕

