នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួម សន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥។

ដំណើរចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីសប្រទេសបារាំង របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនាពេលនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល។
ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។
សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕





