មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ បានសហការជាមួយក្រុមអ្នកស្រលាញ់រថយន្តសេរីចាស់ Corolla Lover Cambodia និងក្រុម Old School Car អមតៈ Amatak ដើម្បីរៀបចំសកម្មភាពសង្គម និងកម្មវិធីបរិច្ចាគសប្បុរសធម៌ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ១២គ្រួសារ។ គ្រួសារនីមួយៗ ទទួលបាន អង្ករ ៥០គ.ក មីចំនួន ១កេស ទឹកស៊ីអ៊ីវចំនួន ១យួរ ត្រីខចំនួន ១យួរ កង់ចំនួន ២គ្រឿង និងសម្ភារៈសិក្សាមួយចំនួន សម្រាប់គ្រួសារ ដែលមានកូនៗ កំពុងសិក្សា។
ការរៀបចំកម្មវិធីសប្បុរសធម៌នេះធ្វើឡើងគឺដើម្បី ចែករំលែកក្តីស្រលាញ់ជាមួយ បងប្អូនដែលមានពិការភាព ចាស់ជរា និងគ្រួសារក្រីក្រ ក្នុងខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយអំពីរថយន្តសេរីចាស់ និងការអភិរក្សវប្បធម៌បច្ចេកវិទ្យារថយន្តជំនាន់មុន។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីការចូលរួមរបស់យុវជនក្នុងសង្គមទេ ប៉ុន្តែថែមទាំងជាគន្លឹះដ៏សំខាន់ក្នុងការបង្ហាញពីការអភិរក្សវប្បធម៌បច្ចេកវិទ្យារថយន្ត និងការរួមចំណែកជួយសង្គមដោយស្ម័គ្រចិត្តផងដែរ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង បានលើកឡើងថា “យើងរីករាយណាស់ដែលបានសហការជាមួយក្រុមយុវជនដែលមានទឹកចិត្តចែករំលែកក្តីស្រលាញ់ បង្ហាញនូវការចូលរួមក្នុងសង្គមតាមរយៈចំណង់ចំណូលចិត្តរបស់ខ្លួន” កម្មវិធីនេះបានទាក់ទាញយុវជន និងសាធារណជនជាច្រើន មកចូលរួម និងបានកត់សម្គាល់ថា ជាចំណុចដ៏ល្អសម្រាប់ការជំរុញការរួមចំណែករបស់យុវជនក្នុងសង្គម៕