ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅយប់ថ្ងៃទី៨ ខែមិថុនានេះ បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិថា កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖«ថ្ងៃនេះ យើងរកបានចំនុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន»។
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែនគឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ ។

