ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី៨ ខែមិថុនានេះ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាពរបស់កម្ពុជា។
ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ក្នុងបេសកកម្មដែលឯកឧត្តម ចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឯកឧត្តម បានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។
ឯកឧត្តមថ្លែងថា បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។
ឯកឧត្តមបញ្ជាក់ថា៖«យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត»។
ឯកឧត្តមបន្តថា៖«ខ្ញុំសូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត»៕







