រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ មិថុនា ថា កងកម្លាំងរបស់ខ្លួនបានរុលចូលទៅដល់ជាយនៃតំបន់ Dnipropetrovsk របស់អ៊ុយក្រែនភាគកណ្តាលបែកខាងកើត ក្នុងពេលមានជម្លោះជាសាធារណៈរវាងទីក្រុងមូស្គូ និងទីក្រុងគីវ ជុំវិញការចរចាសន្តិភាព និងការប្រគល់សាកសពទាហានរាប់ពាន់នាក់ ដែលបានស្លាប់ក្នុងសង្គ្រាម។

ក្នុងពេលនិយាយអំពីសន្តិភាព សង្រ្គាមកំពុងកើនឡើងដោយកងកម្លាំងរុស្ស៊ីដណ្តើមយកបានដែនដីបន្ថែមទៀតនៅអ៊ុយក្រែន ហើយទីក្រុងគីវ បានបញ្ជូនយានដ្រូនទំនើប និងបានវាយប្រហារដ៏បំផ្លាញលើកងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី និងទៅលើផ្លូវរថភ្លើង។

យោងតាមផែនទីប្រភពបើកចំហដែលគាំទ្រអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរុស្ស៊ី ដែលគ្រប់គ្រងក្រោមមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន ដោយដណ្តើមយកបានជាង១៩០ គីឡូម៉ែត្រក្រឡានៃតំបន់ Sumy ភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលមិនដល់មួយខែ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី អង្គភាពនៃកងពលរថក្រោះទី៩០របស់កងកម្លាំងរុស្ស៊ី បានទៅដល់សមរភូមិភាគខាងលិចតំបន់ Donetsk របស់អ៊ុយក្រែន ហើយកំពុងវាយប្រយុទ្ធនៅតំបន់ Dnipropetrovsk ដែលនៅជាប់គ្នានោះ។