កងឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធជាមួយយោធា កាលពីថ្ងៃអាទិត្យ (០៨ មិថុនា) ដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាឱ្យកាន់តែប្រសើរ ដើម្បីទប់ទល់ទៅនឹងអ្វីដែលរដ្ឋាភិបាលនៅទីក្រុងតៃប៉ិ និយាយថា ជាសម្ពាធ "តំបន់ពណ៌ប្រផេះ" កំពុងកើនឡើងពីប្រទេសចិន ដែលអះអាងសិទ្ធិលើកោះមួយនេះថាជាទឹកដីរបស់ខ្លួន។

កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ បានត្អូញត្អែរម្តងហើយម្តងទៀតអំពីសកម្មភាពដូចជា ឧប្បត្តិហេតុខ្សែកាប្លិ៍ក្រោមសមុទ្រ និងការបូមខ្សាច់ដោយប្រទេសចិន នៅជុំវិញកោះ ដែលធ្វើឡើងដើម្បីដាក់សម្ពាធ ដោយមិនចាំបាច់ប្រឈមមុខដាក់គ្នាដោយផ្ទាល់។
សមយុទ្ធនៅទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ដែលត្រួតពិនិត្យដោយមេដឹកនាំកោះ លោក Lai Ching-te បានប្រតិបត្តិការនិម្មិតការរឹបអូសសាឡាងបរទេស។ នៅក្នុងលំហាត់សម ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បានធ្វើការជាមួយឧទ្ធម្ភាគចក្រជួយសង្គ្រោះរបស់អាជ្ញាធរ និងឧទ្ធម្ភាគចក្ររបស់កងទ័ព ដើម្បីចូលទៅក្នុង និងគ្រប់គ្រងសាឡាងដែលចាប់បាននោះ ព្រមទាំងជម្លៀសជនរងគ្រោះ។
ឆ្មាំល្បាតឆ្នេរនិយាយថា ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹករបស់កងទ័ពជើងទឹកកោះតៃវ៉ាន់ បានហោះពីលើទីតាំងសមយុទ្ធ ខណៈការហ្វឹកហ្វឺនបានបញ្ចប់ រួមជាមួយនឹងឧទ្ធម្ភាគចក្រកងទ័ព ក្នុងប្រតិបត្តិការហោះហើររួមគ្នាលើកទីមួយរវាងកងកម្លាំងទាំងពីរក្នុងសេណារីយ៉ូបែបនេះ៕


