ក្រោយមានសារព័ត៌មានថៃមួយចំនួន និងព័ត៌មានតាមបណ្តាញសង្គមនៅក្នុងស្រុកខ្លះផ្សព្វផ្សាយមិនពិត បំភ្លៃ បំភ្លើស ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ពោលគឺចេញពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ។
តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិបានបញ្ជាក់ថាក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានខាងថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និងការកើនឡើងនៃស្ថានភាពតានតឹង»។
ក្រសួងបានបន្ថែមទៀតថា ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយក និងប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។ បងប្អូនប្រជាពលរដ្ឋ ចៀសវាងការចែករំលែកព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងមិត្តភាពល្អរវាងប្រទេសជិតខាង៕
