តម្លៃប្រេងបានបន្តកំណើនកាលពីសប្តាហ៍មុនរបស់ខ្លួន នៅដើមថ្ងៃចន្ទ (០៩ មិថុនា) នេះ ខណៈវិនិយោគិនកំពុងរង់ចាំមើលកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលនឹងធ្វើឡើងនៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស នៅក្នុងថ្ងៃដដែលនេះ។

សន្ទស្សន៍ប្រេងឆៅរបស់ Brent នៅថេរក្នុងតម្លៃ ៦៦,៤៧ដុល្លារ ក្នុងមួយបារ៉ែលនៅម៉ោងសកល ០០:០៨នាទីរំលងអាធ្រាត្រចូលថ្ងៃចន្ទ។ ប្រេងឆៅ WTI របស់អាមេរិក កំពុងជួញដូរក្នុងកំណើន ១សេននៅតម្លៃ ៦៤,៥៩ដុល្លារ។
ការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានគាំទ្រតម្លៃ ខណៈជំនួយការជាន់ខ្ពស់ ៣រូបរបស់លោកប្រធានាធិបតី Donald Trump ត្រៀមជួបជាមួយសមភាគីរបស់ពួកគេនៅទីក្រុងឡុងដ្រ៍ ក្នុងថ្ងៃចន្ទនេះ សម្រាប់កិច្ចប្រជុំលើកដំបូងនៃយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
ផែនការជំនួបនេះកើតមានឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទដ៏កម្រមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រវាងប្រធានាធិបតីរបស់ប្រទេសទាំងពីរ ដោយមេដឹកនាំទាំងពីររូបប្រឹងប្រែងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម។ តម្លៃប្រេងបានបង្ហាញពីការកើនឡើងប្រចាំសប្តាហ៍ដំបូងរបស់ខ្លួនក្នុងរយៈពេលបីសប្តាហ៍ដោយសារតែដំណឹងនេះ៕

