ស៊ីហ្គេម៖ តាមរយៈកម្មវិធីអប់រំគុណតម្លៃអូឡាំពិក បានធ្វើឲ្យសិស្សានុសិស្សយល់ដឹងកាន់តែច្រើនអំពីចលនាអូឡាំពិក ពិសេសជុំវិញដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ការគូសបញ្ជាប់បែបនេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ដរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកឆ្នាំ២០២១ នៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ ដោយមានការចូលរួមជាច្រើនពីសិស្សានុសិស្ស ក៏ដូចជាការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់វាគ្មិនជាច្រើនរូបផងដែរ។ លោក ញ៉ាន សុខវិសាល បន្ដថា ក្នុងកម្មវិធីនេះក្រៅពីបញ្ជ្រាបចំណេះដឹងអំពីគុណតម្លៃអូឡាំពិក NOCC ក៏វេទិកានេះដើម្បីផ្សព្វផ្សាយអំពីយុទ្ធនាការឆ្ពោះទៅឆ្នាំ២០២៣ ផងដែរ ហើយលោកពិតជាមានសេចក្ដីសោមនស្សរីករាយដែលសិស្សានុសិស្សទាំងអស់ចង់ចេះ ចង់ដឹង និងបានយល់ដឹងច្រើនពីការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
ទន្ទឹមជាមួយគ្នាយុវតីដែលជាសិស្សនៃវិទ្យាល័យឬស្សីកែវ បានសម្ដែងនូវការសប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ ធ្វើឲ្យពួកគេបានយល់ដឹងច្រើនអំពីគុណតម្លៃអូឡាំពិក និងយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា។ តាមរយៈនេះ ពួកគេបានអះអាងថា បានត្រៀមខ្លួនជាស្រេចចូលរួមគាំទ្រ និងលេងកីឡា ពិសេសចូលរួមយុទ្ធនាការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទៀតផង។ គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំរៀងរាល់ឆ្នាំហើយនេះជាលើកទី២ ហើយដែល NOCC បានរៀបចំក្នុងឆ្នាំ២០២១ នេះបន្ទាប់ពីខេត្តកែវ ហើយនាពេលឆាប់ៗខាងមុខស្ថាប័នដ៏សំខាន់ក្នុងវិស័យកីឡាមួយនេះ នឹងបន្ដរៀបចំកម្មវិធីនេះនៅតាមវិទ្យាល័យផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន៕
អត្ថបទ៖ លី ឈុនឡា