ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា សំណើចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ពុំបានដាក់បញ្ចូលការដកទណ្ឌកម្មទេ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការចរចាទំនងជាឈានដល់ការបិទច្រក។

សត្រូវទាំងពីរ បានបើកកិច្ចចរចាចំនួនប្រាំជុំដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ចាប់តាំងពីខែមេសា ដោយស្វែងរកការជំនួសកិច្ចព្រមព្រៀងដ៏សំខាន់រវាងទីក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដែលកំណត់ការរឹតត្បិតលើសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បោះបង់ចោលកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

នៅក្នុងវីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Ghalibaf បាននិយាយថា «ផែនការរបស់សហរដ្ឋអាមេរិក ពុំបាននិយាយអំពីការដកទណ្ឌកម្មនោះទេ»។ លោកបានចាត់ទុកវាថាជាសញ្ញានៃភាពមិនស្មោះត្រង់ ដោយចោទប្រកាន់អាមេរិកថា កំពុងព្យាយាមដាក់កិច្ចព្រមព្រៀងជា «ឯកតោភាគី» ដែលទីក្រុងតេអេរ៉ង់នឹងមិនទទួលយកនោះទេ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់ជាយូរមកហើយថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ កំពុងព្យាយាមដើម្បីទទួលបានអាវុធនុយក្លេអែរ ជាការចោទប្រកាន់ដែលអ៊ីរ៉ង់បានច្រានចោលជាបន្តបន្ទាប់ ដោយទទូចថាកម្មវិធីអាតូមិករបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។ បញ្ហាសំខាន់ៗក្នុងការចរចា គឺការដកទណ្ឌកម្មសេដ្ឋកិច្ច និងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ទីក្រុងតេអេរ៉ង់និយាយថា ខ្លួនមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ក្រោមសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ ខណៈរដ្ឋបាល លោក Trump បានហៅការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយរបស់អ៊ីរ៉ង់ ថាជា «បន្ទាត់ក្រហម»។