ភាគហ៊ុនពិភពលោកបានហក់ឡើង ហើយប្រាក់ដុល្លារបានធ្លាក់ចុះវិញពីកំណើនថ្មីៗរបស់ខ្លួន ខណៈទីផ្សារអាស៊ី មានប្រតិកម្មយ៉ាងល្អនាថ្ងៃចន្ទ (០៩ មិថុនា) នេះ ចំពោះទិន្នន័យការងារដែលល្អជាងការរំពឹងទុករបស់អាមេរិក នៅមុនកិច្ចពិភាក្សានៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

ផ្សារហ៊ុន Wall Street របស់អាមេរិក បានបិទខ្ពស់ខ្លាំងកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីទិន្នន័យការងារបានបន្ធូរបន្ថយក្ដីបារម្ភពីការខូចខាតដល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកដោយសារតែរបបពន្ធដែលមិនអាចទាយទុកជាមុនបានរបស់លោកប្រធានាធិបតី Donald Trump។ ទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដូចជាមាស នៅតែទាបជាងមុន បន្ទាប់ពីការសម្រុកលក់ចេញយ៉ាងខ្លាំង។
នៅប៉ែកអាស៊ី ទីផ្សារមានភាពល្អប្រសើរជាងគេ ដោយសន្ទស្សន៍ដ៏ធំរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ខាងក្រៅជប៉ុន បានរំកិលឡើង ០,៥% នៅក្នុងការជួញដូរដំបូងនៅថ្ងៃចន្ទនេះ។ សន្ទស្សន៍ Hang Seng របស់ក្រុងហុងកុង ក៏ហក់ឡើង ១,៣% ដល់កម្រិត ២៤.០០០ពិន្ទុ ជាលើកដំបូងចាប់តាំងពីថ្ងៃទី២១ ខែមីនា។ សន្ទស្សន៍ភាគហ៊ុន Nikkei របស់ជប៉ុន ក៏អបអរដោយកំណើន ០,៩% ផងដែរ។
ចំណែកប្រាក់ដុល្លារបានធ្លាក់ចុះ ០,៣% ធៀបនឹងប្រាក់យ៉េនដល់ ១៤៤,៣៩យ៉េនក្នុងមួយដុល្លារ នៅក្នុងការកាត់បន្ថយការកើនឡើង ០,៩% នៅថ្ងៃសុក្រសប្ដាហ៍មុន។ រូបិយបណ្ណតែមួយរបស់អ៊ឺរ៉ុប គឺប្រាក់អឺរ៉ូ បានកើនឡើង ០,២% នៅថ្ងៃដដែល ក្នុងតម្លៃ ១,១៤២២ដុល្លារក្នុងមួយអឺរ៉ូ៕

