ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃអាទិត្យ បានរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញការឆ្មក់បង្ក្រាបអន្តោប្រវេសន៍ និងការដាក់ពង្រាយឆ្មាំជាតិក្នុងទីក្រុង Los Angeles ក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ។

ការឆ្មក់បង្ក្រាបអន្តោប្រវេសន៍របស់សហព័ន្ធ បាននាំឱ្យមានការតវ៉ានៅក្នុងទីក្រុងអាមេរិកខាងជើង ជាកន្លែងប្រតិបត្តិការរបស់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍និងគយអាមេរិក(ICE) កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ដែលបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៤៤នាក់ពីបទបំពានអន្តោប្រវេសន៍។

លោក Trump បានសន្យាថានឹងនិរទេសមនុស្សជាច្រើននៅក្នុងប្រទេសនេះដោយខុសច្បាប់ និងបិទព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយកំណត់គោលដៅសម្រាប់អង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) ដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍យ៉ាងហោចណាស់៣.០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែវិធានការអនុវត្តច្បាប់ បានរួមបញ្ចូលទាំងអ្នកដែលរស់នៅស្របច្បាប់ក្នុងប្រទេសនេះ ដោយមនុស្សមួយចំនួនមានលំនៅឋានអចិន្ត្រៃយ៍ និងបាននាំឲ្យមានបញ្ហាប្រឈមផ្លូវច្បាប់។
លោកស្រី Sheinbaum ដែលបានព្យាយាមបង្កើតទំនាក់ទំនងជាវិជ្ជមានជាមួយ លោក Trump បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈថា «យើងមិនយល់ស្រប ជាមួយនឹងវិធីនៃការដោះស្រាយបញ្ហាអន្តោប្រវេសន៍បែបនេះទេ»។ ព្រឹត្តិការណ៍នឹងមិនត្រូវបានដោះស្រាយដោយការឆ្មក់បង្ក្រាប ឬអំពើហិង្សាឡើយ។ វានឹងកើតឡើងដោយការធ្វើការលើកំណែទម្រង់ដ៏ទូលំទូលាយ។
ទាហានឆ្មាំជាតិរដ្ឋកាលីហ្វ័រនីញ៉ា បានទៅដល់ទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ ដើម្បីបង្ក្រាបបាតុកម្មជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump ដោយអភិបាលក្រុងគណបក្សប្រជាធិបតេយ្យ បានហៅការដាក់ពង្រាយទាហានឆ្មាំជាតិថា មិនត្រឹមត្រូវតាមច្បាប់។