ការគ្រប់គ្រងការនាំចេញ ដែលជាក្តីកង្វល់ដ៏ធំសម្រាប់ឧស្សាហកម្មនៅទូទាំងពិភពលោក កំពុងរំកិលក្លាយជាចំណុចកំពូលនៃរបៀបវារៈកិច្ចពិភាក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន សម្រាប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ។

ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន នឹងអង្គុយទល់មុខគ្នានៅទីក្រុងឡុងដ៍ថ្ងៃចន្ទនេះសម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងលុបបំបាត់ជម្លោះពាណិជ្ជកម្មដ៏រំជើបរំជួលរវាងប្រទេសមហាអំណាចទាំងពីរ ដែលបានរីកមាឌក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហួសពីការដំឡើងពន្ធសងសឹកគ្នា ដើម្បីគ្រប់គ្រងការនាំចេញទំនិញ និងសមាសធាតុសំខាន់ៗសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

សង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានកើតមានឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ងាកចេញពីការដំឡើងពន្ធ ផ្តោតលើការរឹតបន្តឹងរបស់ប្រទេសនីមួយៗលើវត្ថុធាតុដើម ឬផលិតផលដែលភាគីម្ខាងទៀតត្រូវការយ៉ាងខ្លាំង។
បន្ទាប់ពីបានជជែកជាមួយមេដឹកនាំចិនលោក Xi Jinping លោកTrump បាននិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺស្ថិតក្នុងស្ថានភាពល្អណាស់ ។ ជំនួបតាមទូរស័ព្ទនេះ បានកើតមានឡើងមួយសប្ដាហ៍ក្រោយចិន-អាមេរិក បានចោទដាក់គ្នាពីការបំពានកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធ៩០ថ្ងៃក្នុងការចរចានៅប្រទេសស្វីស៕