អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេសជប៉ុន បាននិយាយនៅថ្ងៃចន្ទ (០៩ មិថុនា) នេះថា នាវាផ្ទុកយន្តហោះចិន ឈ្មោះថា Liaoning បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគខាងកើតនៃកោះ Iwo Jima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាលើកដំបូង។

លោក Yoshimasa Hayashi ប្រធានគណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងតូក្យូថា ប្រទេសជប៉ុន នឹងពង្រឹងការឃ្លាំមើល និងប្រមូលព័ត៌មានចាំបាច់។ លោក Hayashi បានបន្ថែមថា ជប៉ុនក៏បានផ្ញើ "សារដ៏សមរម្យមួយ" ទៅកាន់ចិនផងដែរ ដោយមិនបញ្ជាក់លម្អិតនោះទេ។
កោះ Iwo Jima មានចម្ងាយ ១.០០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍របស់បណ្ដាញបុគ្គលិករួមជប៉ុន បានបង្ហាញកាលពីចុងសប្តាហ៍ថា នាវា Liaoning អមដោយនាវាមួយចំនួនផ្សេងទៀត បានបើកក្នុងសមុទ្រនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅជិតកោះ Minamitorishima ដែលជាកោះដាច់ស្រយាលមួយនៅភាគខាងកើត Iwo Jima។
ជប៉ុនក៏បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្របានហោះឡើង និងចុះចតពីនាវា Liaoning ក្នុងដែនទឹកភាគអាគ្នេយ៍នៃ Iwo Jima កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ៕

