ពោធិ៍សាត់៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានចាត់តាំងក្រុមការងារដែលដឹកនាំដោយ លោក ឃៀង សុជីវ័ន្ត អគ្គនាយករង នាយកគ្រប់គ្រងទីស្នាក់ការកណ្ដាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកទាំងពីរ ឱ្យចុះទៅសួរសុខទុក្ខ និងនាំយកអំណោយទៅជូនកងទ័ពជួរមុខដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ត្រីងៀត ឆៃប៉ូវផ្អែម សាប៊ូដុសខ្លួន តង់ការពារភ្លៀង ថ្នាំពេទ្យ ថ្នាំមូស ក្រមា និងចង្រ្កានហ្គាស ព្រមទាំងថវិកាមួយចំនួនផ្សេងទៀត ដែលសរុបជាទឹកប្រាក់អស់ប្រមាណ ១៨៤ លានរៀល។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ដ និងអភិបាលរងខេត្ដ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ជូនបន្ថែមថា កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលនូវថវិកាចំនួន ២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភជូនកងទ័ពជួរមុខដែលឈរជើង នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃផងដែរ។














