ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកងម៉ារីនអាមេរិក ទៅក្នុងទីក្រុង Los Angeles ជាទីដែលភាពចលាចលតវ៉ាបានបន្តក្នុងថ្ងៃទីបី ដោយក្រុមបាតុករខឹងសម្បារចំពោះសកម្មភាពរបស់មន្ត្រីអន្តោប្រវេសន៍ ដែលបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សរាប់សិបនាក់ នៅក្នុងអ្វីដែលអាជ្ញាធរនិយាយថាជាជនអន្តោប្រវេសន៍ខុសច្បាប់ និងសមាជិកក្រុមជនអន្ធពាល។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ (០៨ មិថុនា) បញ្ជាការខាងជើងរបស់សហរដ្ឋអាមេរិក បាននិយាយថា៖ "ទាហានម៉ារីនចំនួន ៥០០នាក់ មកពីកងវរសេនាតូចទី២ កងម៉ារីនទី៧ នៅមូលដ្ឋាន Twentynine Palms រដ្ឋ California ស្ថិតក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយប្រសិនបើចាំបាច់ ដើម្បីគាំទ្រដល់ការការពារទ្រព្យសម្បត្តិសហព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងបុគ្គលិក"។

នៅមុននោះ តាមសេចក្ដីណែនាំពីរដ្ឋមន្ត្រីក្រសួងការពារជាតិ កម្លាំងទាហាន ២.០០០នាក់មកពីកងឆ្មាំជាតិនៃរដ្ឋ California ត្រូវបានដាក់ឱ្យនៅក្រោមបទបញ្ជា និងការគ្រប់គ្រងរបស់សហព័ន្ធ ដើម្បីពង្រឹងប្រតិបត្តិការនៅទូទាំងតំបន់ Los Angeles ដ៏ធំ។
បច្ចុប្បន្ននេះ សមាជិកប្រហែល ៣០០នាក់ នៃក្រុមប្រយុទ្ធមកពីកងពលតូចថ្មើរជើងទី៧៩ របស់ឆ្មាំជាតិ California ត្រូវបានដាក់ពង្រាយនៅទីតាំងផ្សេងៗក្នុងតំបន់ Los Angeles ជាពិសេសទីក្រុង Los Angeles, Paramount និង Compton។

ការដាក់ពង្រាយទាហានឆ្មាំជាតិ ក្រោមការបញ្ជារបស់សហព័ន្ធ ដែលជាជំហានមួយមិនធ្លាប់មានពីមុនដោយពុំមានការអនុញ្ញាតពីប្រមុខអភិបាលរដ្ឋចាប់តាំងពីឆ្នាំ១៩៦៥មកនេះ បានក្លាយជាចំណុចស្នូលនៃភាពចម្រូងចម្រាសនៃបាតុកម្ម៕