កងកម្លាំងសន្តិសុខរបស់ប្រទេសបារាំងបានបិទផ្លូវនានា និងដើរល្បាតនៅកំពង់ផែទីក្រុងនីស(Nice) ខណៈទីក្រុងភាគខាងត្បូងមួយនេះ រៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិ (UNOC3)។ កិច្ចប្រជុំកំពូល ដែលបានជួបប្រជុំប្រមុខរដ្ឋ អ្នកវិទ្យាសាស្ត្រ និងអ្នកតស៊ូមតិ មានគោលបំណងគ្របដណ្តប់លើបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន ជីវចម្រុះ និងការធ្វើឱ្យមនុស្សជាតិទទួលបានធនធានសមុទ្រកាន់តែមាននិរន្តរភាព។

អ្នកជំនាញផ្នែកមហាសមុទ្រ បាននិយាយថា «បច្ចុប្បន្ននេះ មានការប្តេជ្ញាចិត្តការពារត្រឹមតែ ៨,៣៤% នៃមហាសមុទ្រពិភពលោក។ យើងអាចធ្វើអ្វីបានកាន់តែប្រសើរ ខណៈយើងបានប្រឈមមុខទៅនឹងបញ្ហាសកល»។ គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើនដែលបានបញ្ជាក់ដោយរដ្ឋាភិបាលបារាំង គឺដើម្បីបញ្ចុះបញ្ចូលរដ្ឋនានាឱ្យបានគ្រប់ចំនួនដើម្បីផ្តល់សច្ចាប័នលើសន្ធិសញ្ញាសមុទ្រអន្តរជាតិ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៣ ដើម្បីឱ្យសន្ធិសញ្ញាចូលជាធរមាន។

កតិកាសញ្ញានេះ ត្រូវបានគេមើលឃើញថាជាឧបករណ៍សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅការពារ៣០% នៃដែនដី និងសមុទ្ររបស់ភពផែនដីនៅឆ្នាំ២០៣០។ សហរដ្ឋអាមេរិក នឹងមិនបង្ហាញខ្លួននៅ សន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិ (UNOC) នេះទេ។
សន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិ (UNOC3) នឹងដំណើរការចាប់ពីថ្ងៃច័ន្ទ ទី៩ ខែមិថុនា នេះ រហូតដល់ថ្ងៃសុក្រ ទី១៣ ខែមិថុនា។