អ្នកស្រុកនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បានសម្តែងការខឹងសម្បារ ការរិះគន់ និងភាពភ័យខ្លាចចំពោះការដាក់ពង្រាយឆ្មាំជាតិ តាមបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump ដើម្បីបង្ក្រាបបាតុកម្ម ដែលកើតឡើងដើម្បីតវ៉ាប្រឆាំងនឹងការឆ្មក់បង្រ្កាបជនអន្តោប្រវេសន៍របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ (០៨ មិថុនា)។

ក្រុមអ្នកតវ៉ាមួយក្រុមឈរនៅក្បែរនោះ ដោយកាន់ស្លាកសញ្ញាប្រឆាំងរិះគន់នឹងទីភ្នាក់ងារអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE និងការបង្រ្កាបជនអន្តោប្រវេសន៍ដ៏ខ្លាំងក្លាមិនបន្ធូរដៃរបស់លោក Trump។ បាតុករនិយាយថា "ការដាក់ពង្រាយកម្លាំងនេះជារឿងដ៏ខឹងសម្បារ និងគួរឱ្យស្អប់ខ្ពើម" ដោយបន្ថែមថា "មន្រ្តីប្រើទាហានប្រឆាំងនឹងប្រជាជនខ្លួនឯង"។

អ្នករស់នៅទីក្រុង Los Angeles និងជាសមាជិកនៃសហគមន៍ឡាទីន ឈ្មោះ Antonio Moreno បានសម្ដែងការសោកស្ដាយដែល "មនុស្សសាមញ្ញស្លូតត្រង់" ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់បង្រ្កាបខុសច្បាប់ ហើយជារឿងមិនយុត្តិធម៌នោះទេ។ អ្នកក្រុង Los Angeles ជាច្រើនផ្សេងទៀត បានរិះគន់ការដាក់ពង្រាយឆ្មាំជាតិនេះថាជា 'យុទ្ធសាស្ត្របន្លាចបំភិតបំភ័យ' និង 'ជ្រុលហួសហេតុ'។

យោធាអាមេរិកនិយាយថា បច្ចុប្បន្ន ឆ្មាំជាតិ ៣០០នាក់ មកពីក្រុមប្រយុទ្ធនៃកងពលតូចថ្មើរជើងលេខ៧៩ ត្រូវបញ្ជូនទៅកាន់ ៣ទីតាំងដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ Los Angeles រដ្ឋ California ខណៈកម្លាំង ២.០០០នាក់ទៀតកំពុងរង់ចាំបញ្ជា និងកងម៉ារីន ៥០០នាក់ កំពុងត្រៀមខ្លួនដាក់ពង្រាយ៕