ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់អះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន បានទទួលឯកសារសម្ងាត់សំខាន់ៗ ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអ៊ែល ជារបាយការណ៍មួយ ដែលមន្ត្រីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយទេ។

ឯកសារដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ពណ៌នាថា មានលក្ខណៈរសើប និងជាយុទ្ធសាស្ត្រ ត្រូវបានគេរាយការណ៍ថា បានរត់ពន្ធចេញពីអ៊ីស្រាអែល។ សារព័ត៌មាន IRIB ដែលដកស្រង់ប្រភពក្នុងតំបន់ ដែលមិនស្គាល់អត្តសញ្ញាណ បានហៅការទទួលយកឯកសារនេះដែលត្រូវបានចោទប្រកាន់ថា ជាការរំលោភលើការស៊ើបការណ៍សម្ងាត់ដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។
ឯកសារនេះ ត្រូវបានគេនិយាយថា នឹងរួមបញ្ចូលឯកសាររាប់ពាន់ដែលលម្អិតអំពីទីតាំង និងផែនការនុយក្លេអ៊ែររបស់អ៊ីស្រាអែល។

IRIB បានបញ្ជាក់ថា ការផ្ទេរឯកសារតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយរក្សាការសម្ងាត់ ដើម្បីធានាបាននូវការមកដល់ប្រកបដោយសុវត្ថិភាពរបស់ពួកវា នៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនេះ បានកត់សម្គាល់ថា បរិមាណទិន្នន័យគឺច្រើនណាស់ ដូច្នេះត្រូវចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីពិនិត្យមើល និងធ្វើកំណត់ត្រា។
របាយការណ៍របស់អ៊ីរ៉ង់ បានធ្វើឡើង បន្ទាប់ពីការប្រកាសកាលពីថ្ងៃទី ២០ ខែឧសភា ដោយទីភ្នាក់ងារសន្តិសុខ Shin Bet និងនគរបាលអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ពួកគេបាននិយាយថា ពលរដ្ឋអ៊ីស្រាអែលពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីខែមេសា នៅជិតទីក្រុង Haifa ពីបទសង្ស័យបាន ប្រមូលស៊ើបការណ៍សម្រាប់អ៊ីរ៉ង់។