អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា សហរដ្ឋអាមេរិក មានបំណងយ៉ាងមុតមាំ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាមួយនឹងលទ្ធភាពនៃ«ការឈានទៅដល់លទ្ធផលសេសសល់ដែលត្រូវការចំាបាច់»។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវ«ការទំនាក់ទំនងដោយប្រយោលរវាងតំណាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក»។ លោកបានថ្លែងថា៖«ការពិតនៃការទំនាក់ទំនងបែបនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងបរិបទទូទៅនៃព្រឹត្តិការណ៍ដ៏តានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ» ដោយកត់សម្គាល់ឃើញថា រដ្ឋបាលមុន បានប្តេជ្ញាធ្វើឲ្យសហរដ្ឋអាមេរិក ត្រឡប់ទៅផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ប៉ុន្តែមិនបានធ្វើតាមអ្វីដែលខ្លួនបានសន្យាទេ។

លោកបានបញ្ជាក់ថា៖«ប៉ុន្មានថ្ងៃនេះ យើងកំពុងកត់សម្គាល់ពីចេតនាដ៏សំខាន់ជាងនេះទៅទៀតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ លើលក្ខខណ្ឌដែលអាចទទួលយ
បានទៅវិញទៅមក ដោយអនុញ្ញាតឲ្យជៀសវាងវិបត្តិ ដោយបានជម្រះការសង្ស័យ និងការរើសអើងទាក់ទងនឹងការអភិវឌ្ឍនុយក្លេអ៊ែរដោយសន្តិវិធី នៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។
លោក Ryabkov បានចង្អុលបង្ហាញថា ប្រទេសរុស្ស៊ី បានខិតខំប្រឹងប្រែងយ៉ាងសកម្មដល់ការជួយក្នុងការស្វែងរកដំណោះស្រាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។