អ្នកនាំពាក្យអាជ្ញាធរទូទៅសម្រាប់កំពង់ផែដីគោក និងសមុទ្រលោក Mazen Alloush បាននិយាយថា ជនភៀសខ្លួនស៊ីរីជាង ៤០០.000នាក់ បានត្រឡប់ទៅប្រទេសវិញ តាមច្រកព្រំដែនដីគោក ក្នុងរយៈពេល ៦ខែ បន្ទាប់ពីការដួលរលំនៃរបបរបស់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad)។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Ekhbariya ថា៖«ជនជាតិស៊ីរីជាង ៤០០.000នាក់ បានត្រឡប់ទៅប្រទេសវិញ តាមច្រកព្រំដែនដីគោក ចាប់តាំងពីការរំដោះប្រទេសនេះពីអតីតរបប កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។

យោងតាមលោក Alloush បានឲ្យដឹងថា ភាគច្រើននៃជនជាតិស៊ីរីដែលត្រឡប់មកវិញ គឺមកពីប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ លីបង់ និងទួរគី។
អង្គភាពប្រឆាំងប្រដាប់អាវុធ នៅក្នុងប្រទេសស៊ីរី បានបើកការវាយលុកទ្រង់ទ្រាយធំលើកងទ័ពរដ្ឋាភិបាលនៅក្នុងអភិបាលក្រុង Aleppo និង Idlib នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេបានចូលទៅក្នុងទីក្រុងដាម៉ាស(Damascus) ខណៈដែលលោកប្រធានាធិបតី បាសា អាល់អាសាដ បានចុះចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសនេះ។
