មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ (ទី៨ ខែមិថុនា) ដើម្បីចូលរួមបាតុកម្មដែលរៀបចំឡើងដោយក្រុមប្រឆាំងនៅទីក្រុងម៉ាឌ្រីដ (Madrid) ជាការតវ៉ាដែលមានការចោទប្រកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez ថា ប្រព្រឹត្តអំពើពុករលួយ។
បាតុករជាច្រើនគ្រវីទង់ជាតិអេស្ប៉ាញពណ៌ក្រហម និងលឿង បានប្រមូលផ្តុំគ្នានៅទីលាន Plaza de Espana ដែលជាទីលានដ៏ធំមួយនៅកណ្តាលរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ហើយបាននាំគ្នាស្រែកថា «លោក Pedro Sanchez ចុះចេញពីតំណែង!»។

ដោយមានពាក់ទង់ជាតិអេស្ប៉ាញនៅលើខ្នងរបស់ខ្លួន ស្ត្រីឈ្មោះ Blanca Requejo ដែលជាអ្នកគ្រប់គ្រងហាងវ័យ ៤៦ឆ្នាំ បានប្រាប់សារព័ត៌មាន AFP នៅឯកន្លែងបាតុកម្មនោះថា៖ «ពេលវេលាផុតកំណត់របស់រដ្ឋាភិបាលនេះ បានកន្លងទៅជាយូរមកហើយ។ ការអត់ធ្មត់លែងមានទៀតហើយ»។
គណបក្សអភិរក្សនិយម PP បានអំពាវនាវឲ្យមានការជួបជុំនេះ បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់ថា ជាឯកសារបង្ហាញពីសមាជិករបស់គណបក្សសង្គមនិយម គឺលោកស្រី Leire Diez ធ្វើយុទ្ធនាការលាបពណ៌ប្រឆាំងនឹងអង្គភាពនគរបាលដែលស៊ើបអង្កេតការចោទប្រកាន់ពីបទពុករលួយប្រឆាំងនឹងភរិយារបស់លោក Sanchez បងប្រុស និងអតីតបុរសដៃស្តាំរបស់លោក។
លោកស្រី Diez បានបដិសេធការចោទប្រកាន់នេះ ដោយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅថា លោកស្រីកំពុងស្រាវជ្រាវសរសេរសៀវភៅ ហើយមិនបានធ្វើការក្នុងនាមបក្ស ឬលោក Sanchez នោះទេ។ លោកស្រីក៏បានលាលែងពីគណបក្សសង្គមនិយមរបស់លោក Sanchez ហើយផងដែរ។
មេដឹកនាំបក្ស PP លោក Alberto Nunez Feijoo បានចោទប្រកាន់រដ្ឋាភិបាលថា បាន «អនុវត្តវិធានការរបៀបក្រុមអន្ធពាល» ជុំវិញកិច្ចការនេះ ហើយបាននិយាយថា លោក Sanchez គឺជា «តួអង្គសំខាន់» នៃរឿងអាស្រូវពុករលួយជាច្រើន៕

