ការផ្ទុះមួយ នៅឯមូលដ្ឋានយោធាអាមេរិក ក្នុងខេត្តអូគីណាវ៉ា (Okinawa) នៅភាគខាងត្បូងនៃប្រទេសជប៉ុន បានធ្វើឲ្យសមាជិកនៃកងកម្លាំងស្វ័យការពារ (SDF) របស់ជប៉ុន ៤នាក់រងរបួស។
នគរបាលបានប្រាប់ឲ្យដឹងថា មន្ត្រីពន្លត់អគ្គិភ័យ បានជូនដំណឹងដល់ពួកគេ អំពីការផ្ទុះ នៅភូមិ Yomitan នាព្រឹកថ្ងៃចន្ទ (ទី៩ ខែមិថុនា) នេះ។

ចំណែកមន្ត្រីខេត្ត ឲ្យដឹថថា ការផ្ទុះនេះបានកើតឡើងនៅឃ្លាំងផ្ទុកគ្រាប់បែកមិនទាន់ផ្ទុះបណ្ដោះអាសន្ន។ ឃ្លាំងនោះ ដែលមានទីតាំងនៅតំបន់ផ្ទុកគ្រាប់រំសេវ Kadena ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលខេត្ត។
យ៉ាងណាក្ដី ក្រុមមន្ត្រីបានបញ្ជាក់ថា គ្មានបុគ្គលិក SDF ណាម្នាក់ ដែលរងរបួស ក្នុងចំណោមទាំង ៤រូបនោះ ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះឡើយ៕
