អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៩ ខែមិថុនា) នេះ បានឲ្យដឹងថា អំឡុងពេលសន្ទនាតាមទូរសព្ទ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគី។

ការជជែកតាមទូរសព្ទនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំទាំង២ បានលើកឡើងថា ពួកលោកមានគោលបំណងឲ្យប្រទេសនានាបន្តការសម្របសម្រួល ជុំវិញបញ្ហាកូរ៉េខាងជើង។
មេដឹកនាំមាននិន្នាករឆ្វេងនិយម លោក Lee ដែលបានជាប់ឆ្នោត កាលពីសប្តាហ៍មុន បាននិយាយថា ការអនុវត្តជាក់ស្តែងប្រកបដោយភាពប្រាកដនិយម គឺជាគន្លឹះនៃទំនាក់ទំនងការទូតរបស់លោក ហើយលោកនឹងបន្តជាមួយនឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។
លោក Kang Yoo-jung អ្នកនាំពាក្យរបស់លោក Lee បាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោក Lee បានប្រាប់លោក Ishiba ថា លោកចង់ដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ៣ភាគី ជាមួយទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។
លោក Kang បានបន្ថែមថា ដោយបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំង២ បានយល់ព្រមជួបប្រជុំគ្នាដោយផ្ទាល់ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងបន្ថែមទៀត៕
