អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃចន្ទ (ទី៩ ខែមិថុនា) នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងប្រគល់សំណើបដិការ សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសអូម៉ង់ ជាការឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកដែលទីក្រុងតេអេរ៉ង់ចាត់ទុកថា «មិនអាចទទួលយកបាន»។
គួរបញ្ជាក់ថា នៅមុននេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ កំពុងព្រាងការឆ្លើយតបអវិជ្ជមាន ចំពោះសំណើរបស់សហរដ្ឋអាមេរិកដែលត្រូវបានបង្ហាញ កាលពីចុងខែឧសភា។ អ្នកការទូតអ៊ីរ៉ង់ម្នាក់ បានប្រាប់ថា ការស្នើរបស់សហរដ្ឋអាមេរិក មិនបានដោះស្រាយការខ្វែងគំនិតគ្នានោះឡើយ ដែលមានដូចជាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅអ៊ីរ៉ង់ ការដឹកជញ្ជូនទៅក្រៅប្រទេសនូវការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់បំផុតរបស់ប្រទេសអ៊ីរ៉ង់ និងវិធានការនានា ដើម្បីដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោក Baghaei បានបញ្ជាក់ថា៖ «សំណើរបស់សហរដ្ឋអាមេរិកមិនអាចទទួលយកបាននោះឡើយ សម្រាប់ពួកយើង។ វាមិនមែនជាលទ្ធផលនៃការចរចាជុំមុនៗនោះទេ។ យើងនឹងបង្ហាញសំណើផ្ទាល់ខ្លួនរបស់យើងទៅកាន់ភាគីម្ខាងទៀត តាមរយៈប្រទេសអូម៉ង់ បន្ទាប់ពីវាត្រូវបានបញ្ចប់សព្វគ្រប់។ សំណើនេះគឺសមហេតុផល សមរម្យ និងតុល្យភាព»។
លោក Baghaei បានបន្ថែមថា មិនទាន់មានព័ត៌មានលម្អិត អំពីកាលបរិច្ឆេទនៃកិច្ចចរចានុយក្លេអ៊ែរជុំទី៦ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅឡើយទេ។ កាលពីសប្តាហ៍មុន មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដោយលើកឡើងផ្ទុយនឹងផលប្រយោជន៍របស់ប្រទេស ហើយប្ដេជ្ញាថា នឹងបន្តដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដដែល៕
