អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយហៅការសម្រេចនេះថា ជា «កម្រិតទាបថ្មី» សម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Baghaei បានប្រតិកម្មទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រម ICC ចំនួន ៤រូប។ ចំណាត់ការនេះ បានធ្វើឡើងនៅក្នុងការសងសឹកចំពោះការចេញដីកាចាប់ខ្លួនរបស់តុលាការនេះសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងការសម្រេចចិត្តកន្លងមកក្នុងការបើកសំណុំរឿងមួយអំពីឧក្រិដ្ឋកម្មសង្គ្រាមដោយទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក Baghaei បាននិយាយថា សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម និងបៀតបៀនចៅក្រម និងបុគ្គលិករបស់ ICC សម្រាប់ការកាន់អំណាចតុលាការរបស់ពួកគេ គឺជាកម្រិតទាបថ្មីមួយ និងជាប្រព័ន្ធមួយដែលពេញចិត្តយ៉ាងខ្លាំងចំពោះការជំរុញគោលនយោបាយការបរទេសរបស់ខ្លួនតាមរយៈការបង្ខិតបង្ខំ និងការគំរាមកំហែង ។
លោកបានអះអាងបន្ថែមទៀតថា សហរដ្ឋអាមេរិក នៅតែបន្តបំពានអំណាចរបស់ខ្លួន ដោយភ្ជាប់វាទៅនឹងការបោះឆ្នោតរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងបញ្ឈប់ «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សា។
លោក Baghaei បានបន្ថែមថា ការដាក់ទណ្ឌកម្មលើចៅក្រម ICC បានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជា «អ្នកសមគំនិតដ៏យូរអង្វែង និងជាប់លាប់បំផុត» នៅក្នុង «ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា»។
