វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៩ ខែមិថុនា) នេះ បានលើកឡើងថា ផែនការរបស់អង្គការណាតូ (NATO) ក្នុងការជំរុញយ៉ាងខ្លាំងដល់សមត្ថភាពការពារដែនអាកាស និងមីស៊ីលរបស់ខ្លួន គឺជាបង្កឲ្យមានការប្រឈមមុខគ្នា ហើយនឹងធ្វើឡើងក្រោមការចំណាយយ៉ាងច្រើនរបស់អ្នកជាប់ពន្ធអឺរ៉ុប ដែលកំពុងត្រូវបានស្នើសុំឲ្យបង់ប្រាក់ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលមិនមានសោះ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ដែលកំពុងជំរុញឲ្យសមាជិកបង្កើនការចំណាយលើវិស័យការពារជាតិដល់កម្រិត ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងប្តេជ្ញាបន្ថែម ១,៥ភាគរយទៀត សម្រាប់ការចំណាយទាក់ទងនឹងសន្តិសុខកាន់តែទូលំទូលាយ គ្រោងនឹងប្រើប្រាស់សុន្ទរកថានៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស នាថ្ងៃចន្ទនេះ ដើម្បីប្រកាសថា សម្ព័ន្ធភាពត្រូវការការបង្កើនកម្រិត ៤០០ភាគរយ ក្នុងផ្នែកការការពារដែនអាកាស និងមីស៊ីល។
នៅពេលត្រូវបានសួរ អំពីសុន្ទរកថាដែលបានគ្រោងទុករបស់លោក Rutte ស្តីពីវិធានការការពារដែនអាកាស និងមីស៊ីល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «(ណាតូ) មិនមែនជាឧបករណ៍ សម្រាប់រក្សាស្ថិរភាព និងសន្តិសុខ នៅទ្វីបនោះទេ។ ផ្ទុយទៅវិញ អង្គការនេះគឺជាឧបករណ៍ដែលបង្កើតឡើង ដើម្បីបង្កឲ្យមានការប្រឈមមុខគ្នាតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ បានបន្តលាក់ទុកនូវចរិតធម្មជាតិក្លែងបន្លំរបស់ខ្លួន។ តែឥឡូវនេះ សម្ព័ន្ធភាពកំពុងបង្ហាញពីធម្មជាតិពិតរបស់ខ្លួនបណ្ដើរៗហើយ»។
លោក Peskov បានបញ្ជាក់ថា អ្នកបង់ពន្ធអឺរ៉ុប គឺជាអ្នកដែលនឹងត្រូវរងទុក្ខ។ លោកបាននិយាយថា៖ «អ្នកជាប់ពន្ធអឺរ៉ុប នឹងចំណាយប្រាក់របស់ពួកគេ ដើម្បីទប់ទល់ការគំរាមកំហែងមួយចំនួនដែលពួកគេនិយាយថា មកពីប្រទេសរបស់យើង ប៉ុន្តែវាគ្មានអ្វី ក្រៅតែពីការគំរាមកំហែងប្រឌិតឡើងប៉ុណ្ណោះ»៕