ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទ (ទី៩ ខែមិថុនា) បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានអនុវត្តការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ឬឈ្លើយសឹក (POW) ដែលមានអាយុក្រោម ២៥ឆ្នាំ ដោយប្រាប់ថា ការដោះដូរនេះ គឺជាលទ្ធផលនៃកិច្ចពិភាក្សាដោយផ្ទាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន កាលពីដើមខែនេះ។
គួរបញ្ជាក់ថា កិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី២ ខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធ្វើការដោះដូរ POW យ៉ាងហោចណាស់ ១.២០០នាក់នៃភាគីម្ខាងៗ ដោយផ្តោតលើអ្នករងរបួសក្មេងជាងគេ និងធ្ងន់ធ្ងរបំផុត និងដើម្បីធ្វើមាតុភូមិនិវត្តន៍សពរាប់ពាន់នាក់នៃអ្នកស្លាប់ក្នុងសង្គ្រាម។
ជាមួយគ្នានេះ ភាគីទាំង២ បានលើកឡើងថា នេះនឹងក្លាយជាការដោះដូរដ៏ធំបំផុត នៅពេលដែលត្រូវបានបញ្ចប់សព្វគ្រប់ ជាអ្វីដែលត្រូវបានគេរំពឹងថា នឹងកើតឡើងជាដំណាក់កាល។
ការវិលត្រឡប់មកវិញនៃអ្នកទោសសង្គ្រាម និងការប្រគល់សពអ្នកស្លាប់ គឺជារឿងមួយក្នុងចំណោមរឿងមួយចំនួនដែលភាគីទាំង២ អាចឯកភាពគ្នាបាន ទោះបីជាការចរចាដ៏ទូលំទូលាយរបស់ពួកគេ បានបរាជ័យមិនអាចខិតជិតដល់ការបញ្ចប់សង្គ្រាមក៏ដោយ ដែលឥឡូវនេះឈានចូលឆ្នាំទី៤ ហើយ។
ក្រសួងការពារជាតិរុស្ស៊ី មិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តើ POW ចំនួនប៉ុន្មាននាក់ត្រូវបានផ្លាស់ប្តូរ នៅថ្ងៃចន្ទនេះនោះទេ ប៉ុន្តែបានេះបញ្ជាក់ថា ភាគីទាំង២ បានផ្លាស់ប្តូរចំនួនបុគ្គលិកយោធាដូចគ្នា។ ជំនួយការរបស់វិមានក្រឹមឡាំង លោក Vladimir Medinsky បាននិយាយកាលពីចុងសប្តាហ៍ថា បញ្ជីដំបូងនៃ POW ចំនួន ៦៤០នាក់ ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន៕