យោធាសហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតដល់ទាហានឆ្មាំជាតិបន្ថែមទៀតអាចទៅដល់ទៅនោះ ជាការកត់សម្គាល់ការកើនឡើងមួយផ្សេងទៀតក្នុងការឆ្លើយតបរបស់លោកប្រធានាធិបតី Donald Trump ទៅនឹងការចេញតវ៉ានៅតាមដងផ្លូវ ជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។

ទីបញ្ជាការភាគខាងជើងរបស់សហរដ្ឋអាមេរិក បាននិយាយថា ទាហានមួយក្រុមនឹងត្រូវបានបញ្ជូនទៅដើម្បីជួយការពារទ្រព្យសម្បត្តិសហព័ន្ធនិងបុគ្គលិក រហូតដល់ទាហានឆ្មាំជាតិបន្ថែមទៀតអាចទៅដល់កន្លែងធ្វើបាតុកម្ម។ សម្រាប់ពេលនេះ រដ្ឋបាលរបស់លោក Trump ពុំទាន់បានយកមកប្រើប្រាស់នូវច្បាប់ បង្ក្រាបការបះបោរ ដែលនឹងអនុញ្ញាតឱ្យទាហានចូលរួមដោយផ្ទាល់នៅក្នុងការអនុវត្តច្បាប់ស៊ីវិលនៅឡើយទេ នេះបើយោងតាមមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ភាពតានតឹង បានកើនឡើង ចាប់តាំងពីលោក Trump បានចាប់ផ្តើមដាក់ពង្រាយឆ្មាំជាតិ ជាចំណាត់ការមួយដែលក្រុមអ្នកប្រជាធិបតេយ្យ បានចាត់ទុកថាជាការបង្កហេតុមិនចាំបាច់បន្ទាប់ពីការចេញតវ៉ានៅតាមដងផ្លូវបានផ្ទុះឡើងក្នុងការឆ្លើយតបទៅនឹងការឆ្មក់បង្ក្រាបអន្តោប្រវេសន៍នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។ វាជាចំណុចក្តៅបំផុតមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ដើម្បីនិរទេសជនអន្តោប្រវេសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកគិតថាគ្មានជម្រើសអ្វីក្រៅពីចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពដើម្បីទប់ស្កាត់អំពើហិង្សាមិនឲ្យរាលដាលហួសពីការគ្រប់គ្រង។ លោក បានគាំទ្រការលើកឡើងរបស់មន្ត្រីព្រំដែន ថាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom អាចត្រូវបានចាប់ខ្លួន បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បាននិយាយថារដ្ឋកាលីហ្វ័រនីញ៉ាកំពុងប្តឹងដើម្បីរារាំងការដាក់ពង្រាយឆ្មាំជាតិ។