ផ្នែកខ្លះៗនៃទីប្រជុំជនក្នុងទីក្រុង Los Angeles រដ្ឋ California របស់សហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមការសម្អាត ខណៈបាតុកម្មដ៏តានតឹង ដែលបង្កឡើងដោយប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរពីការលួចប្លន់ ការវាយប្រហារដោយគំនូរ និងអំពើបំផ្លិចបំផ្លាញផ្សេងទៀត។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រតិបត្តិការឆ្មក់បង្រ្កាបអន្តោប្រវេសន៍ពីទីភ្នាក់ងារ ICE ជាច្រើនត្រូវបានធ្វើឡើងនៅទូទាំងទីក្រុង Los Angeles ដែលនាំទៅដល់ការចាប់ខ្លួនមនុស្សរាប់សិបនាក់ ហើយរឿងហេតុនេះបានបង្កឱ្យមានការតវ៉ាយ៉ាងកម្រោល ជាមួយនឹងការប៉ះទង្គិចយ៉ាងហិង្សា និងបំផ្លិចបំផ្លាញ។
ការបំផ្លិចបំផ្លាញជាច្រើន រួមមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បានខូចខាត។ សំណល់នៃរថយន្តរបស់ក្រុមហ៊ុន Waymo ដែលឆេះអស់ចំនួន ៥គ្រឿង នៅពាសពេញដងផ្លូវ Los Angeles នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីរថយន្តដែលបើកបរដោយខ្លួនឯងទាំងនោះ ត្រូវបានចតចោលអំឡុងពេលតវ៉ា ហើយបន្ទាប់មកត្រូវដុតបំផ្លាញ។ អ្នកនាំពាក្យនៃសេវាកម្មរថយន្តបានប្រាប់សារព័ត៌មាន CBS ថា Waymo បានដកយានជំនិះរបស់ខ្លួនចេញពីទីប្រជុំជន Los Angeles ហើយកំពុងផ្អាកសេវាកម្មក្នុងតំបន់ដែលឧប្បត្តិហេតុកើតឡើង ដើម្បីការប្រុងប្រយ័ត្នជាមុន។
ជាមួយគ្នានេះ ហាងទំនិញជាច្រើនត្រូវបានចូលលួច និងបំផ្លិចបំផ្លាញ ដោយហាងសម្ភារៈកីឡាដ៏ល្បី Jordan Studio 23 និងហាង Adidas ទាំងពីរនេះបានរងការខូចខាតធ្ងន់ធ្ងរ។ នៅព្រឹកថ្ងៃចន្ទ នគរបាលបានឈរយាមនៅកន្លែងអាជីវកម្មនានាដែលរងការខូចខាតដើម្បីធានាសុវត្ថិភាព ៕



