បាតុកម្មប្រឆាំងនឹងទីភ្នាក់ងារអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE ត្រូវបានរំពឹងថានឹងរីករាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀតទូទាំងប្រទេសនៅសប្តាហ៍នេះ បន្ទាប់ពីភាពចលាចលជាច្រើនថ្ងៃក្នុងទីក្រុង Los Angeles ជាមួយនឹងការតវ៉ាថ្មីៗចំនួន ៣០ ត្រូវបានគ្រោងទុកទូទាំងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការឆ្មក់បង្ក្រាបអន្តោប្រវេសន៍មិនបន្ធូរដៃរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នាពេលថ្មីៗនេះ។

ការតវ៉ាបន្ថែមទៀតបានផ្ទុះឡើងរួចទៅហើយនៅទីក្រុង San Francisco, Sacramento, Houston, San Antonio, Chicago និង New York ជាទីដែលសកម្មជនបានប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍ និងរហូតដល់ថ្ងៃចន្ទ (០៩ មិថុនា) ក្នុងសាមគ្គីភាពជាមួយបាតុករក្នុងទីក្រុង Los Angeles។
គិតត្រឹមរសៀលថ្ងៃចន្ទ អ្នករៀបចំបាតុកម្មបានកំណត់ពេលតវ៉ានៅស្ទើរគ្រប់ទីក្រុងធំៗ ដែលបង្ហាញពីប្រតិកម្មប្រឆាំងថ្នាក់ជាតិកាន់តែតានតឹងឡើង ចំពោះយុទ្ធសាស្ត្រអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump និងការដាក់ពង្រាយឆ្មាំជាតិដ៏ចម្រូងចម្រាសនៅ Los Angeles ។
នៅទីក្រុង Los Angeles ការតវ៉ាបានរីកធំ និងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ បាតុកររាប់រយនាក់បានដើរដង្ហែនៅកណ្តាលក្រុង និងប៉ះទង្គិចជាមួយសមត្ថកិច្ច។ មនុស្សជាង ១០០នាក់ត្រូវចាប់ខ្លួននៅ Los Angeles ចាប់តាំងពីការតវ៉ាចាប់ផ្តើម ហើយមន្ត្រីទីក្រុងព្រមានថា ការរំខានបន្ថែមទៀតអាចបន្តពេញមួយសប្តាហ៍។
ផែនទីនៃបាតុកម្មប្រឆាំងទីភ្នាក់ងារ ICE ដែលបង្ហោះដោយក្រុមរៀបចំបាតុកម្ម SEIU បានបង្ហាញថា ព្រឹត្តិការណ៍តវ៉ាជាច្រើនត្រូវបានគ្រោងទុកនៅ New York, Chicago, San Francisco, Washington, D.C., Philadelphia, Atlanta, Boston, និងកន្លែងជាច្រើនទៀត។ បាតុកម្មបន្ថែមនេះក៏អាចកាន់តែតានតឹងផងដែរ ប៉ុន្តែការតវ៉ាធំបំផុតនៅតែផ្តោតលើទីក្រុង Los Angeles ជាទីដែលទាហានឆ្មាំជាតិបំពាក់ឧបករណ៍យុទ្ធសាស្ត្រ នៅតែបន្តដើរល្បាតក្នុងតំបន់កណ្តាលទីក្រុង៕


