ប្រទេសកាណាដា ដែលកំពុងស្ថិតក្រោមសម្ពាធក្នុងការចំណាយបន្ថែមលើវិស័យយោធារបស់ខ្លួន បានប្តេជ្ញាកាលពីថ្ងៃចន្ទ (០៩ មិថុនា) ថានឹងជំរុញការផ្តល់មូលនិធិសម្រាប់កងកម្លាំងប្រដាប់អាវុធ និងបំពេញគោលដៅចំណាយយោធា ២% នៃផលិតផលក្នុងស្រុកសរុប GDP របស់អង្គការណាតូ ក្នុងឆ្នាំសារពើពន្ធនេះ ពោលគឺរយៈពេល ៥ឆ្នាំលឿនជាងការសន្យា។

នាយករដ្ឋមន្ត្រី លោក Mark Carney ក៏បាននិយាយផងដែរថា នៅពេលអនាគត កាណាដាទំនងជានឹងដាក់ភាគរយឱ្យបានកាន់តែច្រើននៃ GDP ទៅលើវិស័យការពារជាតិ ដោយសារតម្រូវការដើម្បីជំនួសគ្រឿងយុទ្ធោបករណ៍ដែលហួសសម័យ និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីក្រុងវ៉ាស៊ីនតោន។
ថ្លែងក្នុងសុន្ទរកថានៅទីក្រុងតូរ៉ុនតូ លោក Carney បាននិយាយថា "ឥឡូវនេះគឺជាពេលវេលាដើម្បីធ្វើសកម្មភាពដោយភាពបន្ទាន់ កម្លាំង និងការប្តេជ្ញាចិត្ត" ដោយបញ្ជាក់ឡើងវិញនូវការសន្យាថានឹងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប។
អាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត បានត្អូញត្អែរជាច្រើនឆ្នាំមកហើយពីអ្វីដែលពួកគេមើលឃើញថា ជាកម្រិតមិនគ្រប់គ្រាន់នៃមូលនិធិយោធាកាណាដា។ ទីក្រុងអូតាវ៉ា ចំណាយប្រហែល ១,៤% រួចទៅហើយនៃ GDP របស់ខ្លួនលើវិស័យការពារជាតិ។ លោក Pete Hoekstra ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តថ្មីនេះ៕


