នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងបើកកិច្ចប្រជុំសន្តិសុខមួយទាក់ទងនឹងអ៊ីរ៉ង់ នៅថ្ងៃពុធ (១១ មិថុនា) ស្អែកនេះ បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិយាយថា ជំនួបទូរសព្ទរវាងលោក Trump និងលោក Netanyahu មានរយៈពេលប្រហែល ៤០នាទី ដោយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាពីប្រធានបទជាច្រើន រាប់ចាប់ពីសង្រ្គាមតំបន់ហ្កាហ្សា រហូតដល់វឌ្ឃនភាពក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

អ្នកចូលរួមកិច្ចប្រជុំសន្តិសុខស្អែកនេះជាមួយលោក Netanyahu - យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល - រួមមានរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ប្រធានគណបក្ស Shas លោក Aryeh Deri និងរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រ Ron Dermer រួមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត។ កិច្ចប្រជុំអ៊ីស្រាអែលនេះ ធ្វើឡើងនៅពេលដែលទីក្រុងតេអេរ៉ង់ ត្រូវបានរំពឹងថានឹងឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
នៅពេលត្រូវសាកសួរពីជំនួបទូរសព្ទជាមួយលោក Netanyahu លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតច្រើនទេ ប៉ុន្តែនិយាយថា កិច្ចពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនោះបានដំណើរការយ៉ាងល្អ។ ទាក់ទងនឹងរឿងអ៊ីរ៉ង់ លោក Trump បង្ហើបថា ការចរចាហាក់ដូចជានៅទ្រឹង ដោយសារភាគីអ៊ីរ៉ង់ជា “អ្នកពូកែចរចា”។ លោកក៏ព្រមានម្តងទៀតថា វិធីសាស្រ្តហិង្សារបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងតេអេរ៉ង់ គឺមិនត្រូវដកចេញពីតុពិភាក្សាទេ៕

