ការបិទច្រកចេញចូលដែនដីហ្កាហ្សា ពីសំណាក់អ៊ីស្រាអែល អាចនឹងត្រូវបានដកចេញដោយផ្នែក ហើយផែនការថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយបានចាប់ផ្តើមក៏ពិតមែន ប៉ុន្តែមានការចង្អុលបង្ហាញជាច្រើនដែលថា ស្ថានភាពពលរដ្ឋហ្កាហ្សា កាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័សដោយសារតែភាពអត់ឃ្លានដ៏មហន្តរាយ និងការលួចប្លន់ស្បៀងអាហារ។

ការរឹតបន្តឹងដែលដាក់ដោយយោធាអ៊ីស្រាអែល លើផ្លូវផ្តល់ជំនួយ ការវាយប្រហារតាមអាកាសដែលកំពុងបន្ត កង្វះសណ្ដាប់ធ្នាប់សន្តិសុខ និងការភៀសខ្លួនជាបន្តបន្ទាប់នៃមនុស្សរាប់ម៉ឺននាក់ កំពុងធ្វើឱ្យស្ថានការណ៍កាន់តែគួរឱ្យបារម្ភ នេះបើតាមអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយផ្សេងទៀត។ ចំណែកគ្រឿងផ្គត់ផ្គង់ដែលបានចូលទៅដល់ដែនដីនេះ ប្រឈមនឹងហានិភ័យនៃការលួចប្លន់យ៉ាងគ្មានសណ្ដាប់ធ្នាប់ ដែលបានកើនឡើងកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ។
ស្ត្រីម្នាក់ឈ្មោះ Umm Zuhair ដែលកំពុងព្យាយាមស្វែងរកអាហារសម្រាប់គ្រួសាររបស់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីតាំងចែកចាយជំនួយទើបបង្កើតថ្មី បានប្រាប់សារព័ត៌មាន CNN ថា "ពួកគេស្រេកឃ្លានខ្លាំងណាស់ ដល់ថ្នាក់សុខចិត្តប្រថុយនឹងការបាញ់ប្រហារព្រោះតែទៅយកម្សៅមីមួយគីឡូក្រាម"។
មានសេចក្ដីរាយការណ៍ថារថយន្តដឹកជំនួយជាច្រើនគ្រឿងបានទៅកាន់ដែនដីប៉ាឡេស្ទីននេះជាបន្តបន្ទាប់ ប៉ុន្តែសូម្បីតែគ្រឿងផ្គត់ផ្គង់ចូលទៅដល់ជាញឹកញាប់ហើយក៏ដោយក្ដី ក៏ស្ថានភាពនៅតែអស់សង្ឃឹមបំផុតដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ រាយការណ៍ពីការលំបាកជាខ្លាំងក្នុងការទទួលបានការយល់ព្រមជាមួយយោធាអ៊ីស្រាអែល លើផ្លូវចែកចាយជំនួយនៅក្នុងតំបន់ហ្កាហ្សា៕

