ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញឱ្យទីក្រុងតេអេរ៉ង់កាន់តែខិតទៅជិតការផលិតអាវុធនុយក្លេអ៊ែរ ទន្ទឹមនឹងកិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តតាមរយៈការសម្របសម្រួលរបស់ប្រទេសអូម៉ង់។

ថ្លែងទៅកាន់សារព័ត៌មាន i24 News និង The Jerusalem Post លោក Grossi បាននិយាយថា ក្រុមមន្ត្រីអ៊ីរ៉ង់ បានព្រមានរូបលោកអំពីផលវិបាកដែលអាចកើតមាននៃការវាយប្រហារណាមួយ។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ការវាយប្រហារអាចបង្កឲ្យផលវិបាកយ៉ាងធ្ងន់ធ្ងរ ដែលនឹងពង្រឹងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការបន្តការផលិតអាវុធនុយក្លេអ៊ែរ ឬដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ។
យ៉ាងណា លោក Grossi បានបន្ថែមថា លោកមិនជឿថា អ៊ីស្រាអែលនឹងបើកប្រតិបត្តិការបែបនេះទេ។
លោកបាននិយាយថា ប៉ុន្តែមានរឿងមួយប្រាកដណាស់ថាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណើរការធំទូលាយ និងជ្រៅ។ ហើយនៅពេលដែលលោកនិយាយថា ជ្រៅ លោកចង់បានន័យថា រោងចក្រទាំងនេះត្រូវបានការពារយ៉ាងល្អ។
ការអត្ថាធិប្បាយបែបនេះរបស់លោក បានកើតឡើង ខណៈអ៊ីរ៉ង់ត្រៀមឆ្លើយតបទៅនឹងសំណើរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ក្នុងការអត្ថាធិប្បាយដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីសប្ដាហ៍មុន លោក Trump បាននិយាយថាលោកបានព្រមានដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កុំឲ្យប៉ះពាល់ដល់ការចរចាកំពុងផុយស្រួលជាមួយទីក្រុងតេអេរ៉ង់ ឲ្យសោះ៕

