ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណឹងនេះ ពិតជាល្អប្រពៃណាស់សម្រាប់វិស័យឯកជន ដែលមានបំណងចង់នាំចេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្បុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្ដង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្តង់ដារ កំណត់ឱ្យបានគ្រប់គ្រាន់។
ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាការឆ្លើយតប អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។
ប្រភពដដែល បានលើកឡើងបន្តថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោងនឹងប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំងយកចម្ការមួយចំនួន ជាតំណាង និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង ដែលបច្ចុប្បន្ននេះមានរោងចក្រតែមួយបានសាង់សង់រួច មានទីតាំងនៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃបញ្ចប់ដំណាក់កាលវិភាគហានិភ័យ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។
ក្នុងបរិការណ៍នេះក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណៈជាស្រេចចូលរួមសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួលបានលទ្ធផលល្អ និងជោគជ័យ តាមផែនការគ្រោងទុក។
ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវថែមទៀតទៅដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម៕
អត្ថបទ៖ ឈិត បូរ៉ាវី