ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដឹកនាំបេសកកម្មរបស់សហរដ្ឋអាមេរិកទាំងអស់នៅបរទេស និងស្ថានកុងស៊ុល ដើម្បីឱ្យបន្តដំណើរការនិស្សិតសាកលវិទ្យាល័យHarvard និងការផ្លាស់ប្តូរទិដ្ឋាការភ្ញៀវបន្ទាប់ពីចៅក្រមសហព័ន្ធនៅទីក្រុងបូស្តុន(Boston) កាលពីសប្តាហ៍មុន បានរារាំងបណ្តោះអាសន្ននូវបម្រាមរបស់លោកប្រធានាធិបតី Donald Trump លើនិស្សិតបរទេស។

នៅក្នុងបណ្តាញឯកសារការទូតដែលបានផ្ញើកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្រសួងការបរទេសបានលើកឡើងផ្នែកមួយចំនួននៃ សេចក្តីសម្រេចរបស់ចៅក្រម ដោយនិយាយថា ការណែនាំថ្មីគឺ «អនុលោមទៅតាម» សេចក្តីបង្គាប់ហាមឃាត់បណ្តោះអាសន្ន។

នៅក្រោមសេចក្តីបង្គាប់ ដែលបានចេញទៅឱ្យសាកលវិទ្យាល័យ Harvard ចៅក្រមតំបន់របស់សហរដ្ឋអាមេរិក លោក Allison Burroughs បានរារាំងការប្រកាសរបស់លោក Trump មិនឲ្យចូលជាធរមាន ដោយរង់ចាំនីតិវិធីបន្ថែមទៀតចំពោះបញ្ហានេះ។ លោក Trump បានលើកឡើងពីក្តីបារម្ភសន្តិសុខជាតិ ជាហេតុផលសម្រាប់ការរារាំងនិស្សិតអន្តរជាតិមិនឲ្យចូលសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard។ រដ្ឋបាល លោក Trump បានចាប់ផ្តើមការវាយប្រហារច្រើនមុខព្រួញលើសាកលវិទ្យាល័យមានអាយុកាលចាស់ជាងគេ និងសម្បូរធនធានបំផុតរបស់ប្រទេស ដោយបានបង្កកជំនួយរាប់ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិផ្សេងៗ ហើយស្នើឱ្យបញ្ចប់ស្ថានភាពលើកលែងពន្ធ ដែលបង្កឱ្យមានបញ្ហាប្រឈមផ្លូវច្បាប់ជាបន្តបន្ទាប់។