បណ្តាញផ្សព្វផ្សាយសង្គមខ្នាតយក្សរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទ ទី៩ មិថុនា ថា ក្រុមហ៊ុន TikTok មានផែនការបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងចក្រភពអង់គ្លេស ជាសហគមន៍ធំបំផុតរបស់ក្រុមហ៊ុននៅអឺរ៉ុប ដោយការបង្កើតការងារចំនួន៥០០កន្លែងបន្ថែមទៀត។ ព័ត៌មាននេះ ស្របគ្នាជាមួយនឹងការចាប់ផ្តើមសប្តាហ៍បច្ចេកវិទ្យារបស់ទីក្រុងឡុងដ្រ៍(Tech Week) ដែលបានមើលឃើញនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ស្វាគមន៍ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យនេះ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កម្លាំងការងាររបស់ក្រុមហ៊ុន TikTok នៅចក្រភពអង់គ្លេស នឹងកើនឡើងដល់ ៣.០០០នាក់នៅឆ្នាំនេះ ដោយបានបន្ថែមការងារច្រើនជាង៥០០កន្លែង។ ក្រុមហ៊ុនកំពុងវិនិយោគនៅក្នុងការិយាល័យថ្មីនៅទីក្រុងឡុងដ្រ៍ ដែលគ្រោងនឹងបើកនៅឆ្នាំក្រោយ។

ក្រុមហ៊ុន និយាយថា នឹងដាក់ការវិនិយោគរបស់ក្រុមហ៊ុន TikTok នៅក្នុងហេដ្ឋារចនាសម្ព័ន្ធចក្រភពអង់គ្លេសដល់ទៅប្រហែល១៤០លានផោន (១៩០លានដុល្លារអាមេរិក)។ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ប្រហែលពាក់កណ្តាលនៃប្រជាជនចក្រភពអង់គ្លេស ដែលមានជាង៣០លាននាក់ ប្រើប្រាស់ TikTok រៀងរាល់ខែ ដោយធ្វើឱ្យវាក្លាយជា «សហគមន៍អ្នកប្រើប្រាស់ច្រើនបំផុតនៅអឺរ៉ុប»។
លោក Adam Presser នាយកក្រុមហ៊ុន TikTok នៅចក្រភពអង់គ្លេស និងជាប្រធានផ្នែកប្រតិបត្តិការ ទំនុកចិត្តនិងសុវត្ថិភាពសកល បាននិយាយថា «មិនថាតាមរយៈការវិនិយោគផ្ទាល់លើការងារ និងនវានុវត្តន៍ ឬការចូលរួមចំណែកសេដ្ឋកិច្ចកាន់តែទូលំទូលាយពីអាជីវកម្មនៅអង់គ្លេសរាប់លាន នៅលើបណ្តាញ TikTok នោះទេ យើងរីករាយក្នុងការបង្កើនការវិនិយោគ និងមានវត្តមានរបស់យើងនៅទីនេះ ក្នុងចក្រភពអង់គ្លេស» ។